មកដឹងអំពីរឿងរ៉ាវខ្លះៗជាប់ទាក់ទងនឹង ប្រវត្តិឈ្មោះខេត្តក្រចេះជាដែនដីប្រវត្តិសាស្ត្រមួយ តាំងពីសម័យចេនឡាមកម្ល៉េះ

«ខេត្តក្រចេះ» គឺជាខេត្តនៅតំបន់ខ្ពង់រាបភាគឥសាន្តនៃប្រទេសកម្ពុជា ជាដែនដីនំក្រឡានដ៏ឆ្ងុយឆ្ងាញ់យ៉ាងល្បីល្បាញ និងជាខេត្តដែលបន្សលទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងច្រើនផងដែរបន្ទាប់ពីភ្នំពេញ កំពត និងបាត់ដំបង។ «ខេត្តក្រចេះ» ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗដែលជាជំរកត្រី នឹងសត្វផ្សោត ហើយសត្វផ្សោតនេះជាប្រភេទសត្វទឹកកំរ ។ សព្វថ្ងៃមានទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនាផ្សោត ដែលធ្វើឱ្យ គេស្គាល់ខេត្តក្រចេះកាន់តែច្រើន។ ដីកសិកម្មភាគច្រើនស្ថិតនៅតាមដងទន្លេព្រែកនិងទំនាបព្រៃលិចទឹកដែលមានទំហំ តូចៗ ត្រូវបានគេកំណត់ជាតំបន់ដីសើមជាច្រើនកន្លែងដែលមានសារៈសំខាន់ដល់ជីវសាស្ត្រចំរុះ។ ទីកន្លែងជាច្រើននៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់ឈ្មោះខេត្តក្រចេះក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះមានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មកដឹងអំពីរឿងរ៉ាវខ្លះៗដែលជាប់ទាក់ទងនឹង ប្រវត្តិឈ្មោះខេត្តក្រចេះជាដែនដីប្រវត្តិសាស្ត្រមួយនេះ។ «ខេត្តក្រចេះ» ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះ ក៏បានបន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ។ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។

Comments